IT (អាយធី) ជាពាក្យកាត់របស់ information Technology ប្រែជាភាសាខ្មែរយើងថា បច្ចេកវិជ្ជាព័ត៌មានវិទ្យា ដែលសិក្សាដោយពឹងផ្អែកលើម៉ាស៊ីនកុំព្យូទ័រសុទ្ធសាធ បើគ្មានម៉ាស៊ីនកុំព្យូទ័រប្រហែលជាគ្មានមុខវិជ្ជានេះទេ។ កាលពីបុរាណគេចិញ្ចឹមសត្វដើម្បីផ្ញើព័ត៌មានឲ្យគ្នាទៅវិញទៅមក ដូច្នេះការសិក្សាផ្នែកព័ត៌មានវិជ្ជាជំនាន់បុរាណ គឺការបង្ហាត់សត្វឲ្យចេះផ្ញើសារ ផ្ញើសំបុត្រ។
ការសិក្សាជំនាញខាង IT នៅពេលបច្ចុប្បន្នកំពុងតែមានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ សិស្សនិស្សិត ពីព្រោះទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាយើង ត្រូវការផ្នែកនេះយ៉ាងចាំបាច់ក្នុងដំណាក់កាលនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ តាមអ្នកដែលមានបទពិសោធន៍ខាងការរៀនខាង IT និងអ្នកជំនាញបានអះអាងថា ដើម្បីសិក្សាជំនាញ IT នេះបានជោគជ័យយើងត្រូវ ៖
1. បង្កើនចំណេះដឹងតាមរយៈការអាន និងស្រាវជ្រាវ :
ចំនុចនេះពិតជាសំខាន់ណាស់សំរាប់យើង ក្នុងការបង្កើនចំនេះដឹងអោយទាន់បច្ចេកវទ្យាដែលកំពុងតែរីកចំរើន ដូចជាការស្រាវជ្រាវតាមរយៈ គេហទំព័រ, សៀវភៅអេឡិចត្រូនិក (E-books) និងឯកសារណែនាំ ឬមើលវីដេអូសម្រាប់រៀន ។
2. ធ្វើការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ :
អ្នកខ្លះចូលចិត្តលាក់ចំណេះដឹង និងអួតអាងហើយមិនព្រមបង្ហាញពីចំនុចខ្សោយរបស់ខ្លួនថែមទាំងមិនទទួលយកមតិរិះគន់ល្អៗពីមិត្តភ័ក្ដិទៀតផង។ ការប្រព្រឹត្តបែបនេះ នឹងធ្វើឲ្យគេមិនអាចទទួលបានចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗបានទេ ។ យើងអាចធ្វើការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹងតាមរយៈ វេទិកា (forum) ការសិក្សាជាក្រុម ការចូលរួមសិក្ខាសាលា ជាពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។
3. អនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្តី :
កាលណាយើងមានចំណេះដឹងហើយ យើងត្រូវតែអនុវត្តន៍នូវចំណេះដឹងដែលយើងបានរៀននោះ។ ការរៀនខាង IT គឺទាមទារឲ្យយើងអនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្ដី ដោយធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការដែលគ្រូដាក់ឲ្យ ធ្វើការងារដោយមិនគិតប្រាក់ ឬការងារបានកម្រៃទាបដែលទាក់ទងនឹង IT ។
4. រៀនវគ្គជំនាញខ្លីៗឲ្យបានច្រើន :
យើងគួរលៃពេលវេលាខ្លះដើម្បីចូលរៀនវគ្គជំនាញខ្លីៗ ដែលចាត់ទុកថាមានសារៈសំខាន់ និងពាក់ព័ន្ធនឹងជំនាញដែលបានរៀន ព្រោះថាមុខវិជ្ជាខ្លះអាចធ្វើឲ្យយើង កាន់តែមានចំណេះដឹងខ្ពស់ ។
5. បង្កើនចំណេះដឹងខាងភាសាបរទេស :
មិនត្រូវមើលរំលងភាសាបរទេសឡើយ។ ទាំងក្នុងការងារ និងការសិក្សាគឺត្រូវការចំណេះដឹងភាសាបរទេសចាំបាច់មិនអាចខ្សោយបាន។ យើងត្រូវរៀនចេះយ៉ាងតិចក៏បានភាសាអង់គ្លេសមួយដែរ ។
6. តស៊ូព្យាយាម និងអំណត់អត់ធន់ក្នុងពេលធ្វើការងារនិងសិក្សា :
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ។ប៉ុន្តែពេលដែលយើងអាចជម្នះលើបញ្ហាទាំងអស់នោះបាន យើងនឹងយល់ដឹងកាន់តែច្បាស់ ។
7. រៀនកែប្រែខ្លួនពីអ្នកធ្វើមកជាអ្នកគ្រប់គ្រងវិញ :
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រង យើងគួរតែចេះរៀបចំការងារ ចេះគ្រប់គ្រងពេលវេលាប្រើប្រាស់សមត្ថភាព ដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរួញរា …។
Post a Comment