Latest Movie :

5 ចំណុច​ជួយ​ប្លក​របស់​អ្នក​រក្សា​អ្នក​ចូល​មើល​បាន​យូរ


   អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ!! ជា​ពិសេស​អា​ក្បាល​ធំ​ខ្ញុំ​នេះ (^ᴥ^) តែងតែ​ចង់​ឲ្យ​អ្នក​ដែល​កំពុង​ចូល​មើល​ប្លក (កំណត់ហេតុ​បណ្ដាញ) របស់​ខ្លួន នៅ​មើល​ឲ្យ​បាន​យូរ។ តើ​មាន​ដែរ! អ្នក​ដែល​បង្កើត​ប្លក​សរសេរ​ពី​នេះ​ពី​នោះ​ហើយ បែរ​ជា​មិន​ចង់​ឲ្យ​អ្នក​ចូល​មើល​កើន​ឡើង​លឿន? ដូច្នេះ​ដើម្បី​ឲ្យ​អ្នក​អាន​គេ​នៅ​មើល​ប្លក​របស់​យើង​បាន​យូរ​ ទាល់តែ​មាន​អត្ថបទ ឬ​គន្លឹះ​ល្អ​ៗ ដែល​ធ្វើ​ឲ្យ​គេ​ចង់​អាន។ ជា​ការ​ពិត​ណាស់​មនុស្ស​ម្នាក់​មើល​ប្រកាស​ប្លក​កាន់តែ​ច្រើន ចំនួន​រាប់​ក៏​ឡើង​ទៅ​តាម​នោះ​ដែរ ថ្វីបើ​មាន​តែ​មនុស្ស​ម្នាក់​ចូល​មើល​ក៏ដោយ។ ដើម្បី​ទាក់ទាញ​អ្នក​ចូល​មើល ឲ្យ​ពួក​គាត់​នៅ​មើល​បាន​យូរ​នោះ គឺ​យើង​ត្រូវ​ផ្ដោត​លើ​​ចំណុច​ខ្លះៗ​ដូច​ខាង​ក្រោម​នេះ ៖


- ដើម្បី​បង្កើន​អ្នក​ចូល​មើល​ប្លក​យើង​ត្រូវ?

៙ បន្ថែម​រូបភាព​អម​មក​ជាមួយ​អត្ថបទ​របស់​អ្នក ៚

   រូប​មួយ​សន្លឹក​អាច​មាន​អត្ថន័យ​រាប់​រយ​តួអក្សរ ដោយ​មិន​បាច់​សរសេរ​នោះ​ទេ ព្រោះ​គ្រាន់តែ​ឃើញ​រូប​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។ ប្រសិនបើ​អ្នក​សរសេរ​អត្ថបទ​មាន​ប្រវែង​វែង អ្នក​គួរតែ​បំបែក​វា ដោយ​ដកឃ្លា​មួយ​បន្ទាត់ ដើម្បី​ឲ្យ​ស្រឡះ​ភ្នែក និង​ដាក់​រូប​ខ្លះៗ តាម​ដែល​អាច​រក​បាន។ ចូល​ចាំ​ថា រូប​ដែល​ដាក់​នោះ មិន​ត្រូវ​មាន​ទំហំ​ធំ​ពេក​នោះ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ការ​ផ្ទុក​ទំព័រ​ដើរ​យឺត។ តែ​បើ​ដាក់​គួរ​ដាក់​ជា​រូប​តូៗ​សិន សឹម​ចុច​ចូល​ទៅ​មើល​រូប​ភាព​ធំ។

៙ ផ្ដោត​លើ​អ្នក​ដែល​ចូលចិត្ត​អាន ៚

   ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ដែល​ចូល​មក​ដល់​ប្លក​របស់​យើង ប្រាកដ​ជា​បាន​អាន​អត្ថបទ​ទាំង​នោះ បាន​ខ្លះៗ ត្រូវ​ចងចាំ​ថា អ្នកអាន​ភាគ​ច្រើន ពួក​គេ​មិន​ចូល​ចិត្ត​អត្ថបទ​វែងៗ​ទេ មាន​តែ​អ្នក​អាន​ចំនួន​តិច​តែ​ប៉ុណ្ណោះ ដែល​ចូល​ចិត្ត​អាន​អត្ថបទ​វែងៗ, ពួក​គេ​គ្រាន់តែ​ចង់​ដឹង​ត្រឹម​ថា​មាន​អ្វី​ខ្លះ​កើត​ឡើង។ គួរ​តែ​ជ្រើសរើស​ពាក្យពេចន៍​ណា​សាមញ្ញៗ ងាយ​យល់ អាន​ឆាប់​ចប់ តែ​មាន​ន័យ​ពេញលេញ​គ្រប់គ្រាន់។ តែ​បើ​សិន​ជា​អត្ថបទ​របស់​យើង​ជា​ប្រភេទ​គន្លឹះ​នោះ គួរតែ​ពន្យល់​អ្នក​អាន​ឲ្យ​បាន​ស៊ីជម្រៅ ប្រសើរ​ជាង​ពន្យល់​លំៗ ឲ្យ​តែ​រួច​ពី​ដៃ។

៙ ដាក់​អត្ថបទ​ថ្មីៗ​ឬ​ទាក់ទង​នៅ​ពី​ក្រោយ​ប្រកាស ៚

   អ្នក​ត្រូវ​ដាក់​បង្ហាញ​តំណ​ភ្ជាប់​ទៅ​កាន់​អត្ថបទ​ថ្មីៗ​របស់​ប្លក​អ្នក​នៅ​ពី​ក្រោម​អត្ថបទ ឬ​ក៏​ដាក់​តំណ​ភ្ជាប់​ណា​ដែល​ទាក់ទង​ជាដើម។ ដើម្បី​ឲ្យ​អ្នក​អាន​គេ​ងាយស្រួល​រក​មើល​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ប្លក​របស់​យើង។ ចំណុច​នេះ​សំខាន់​ណាស់​ ហើយ​ក៏​ជា​បច្ចេកទេស​តែ​មួយ​គត់​សម្រាប់​រក្សា​អ្នកអាន​របស់​អ្នក​ឲ្យ​នៅ​បាន​យូរ។

៙ ដាក់​រំលឹក​ប្រកាស​ចាស់​ទៅ​ក្នុង​អត្ថបទ ៚

   នេះ​គេ​ហៅថា Interlinking ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​ស្វែង​រក​តាម​ម៉ាស៊ីន​ស្វែងរក​នានា។ ចូល​ពិនិត្យ​មើល​ប្រសិន​បើ​មាន​អត្ថបទ​ឬ​ប្រកាស​ចាស់ៗ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ប្រកាស​ដែល​អ្នក​កំពុង​សរសេរ​នោះ សូម​កុំ​ខ្ជិល​ សូម​ចូល​ទៅ​បើក​យក​តំណ​ឬ​ចំណងជើង​នោះ ដាក់​រំលឹក​ក្នុង​អត្ថបទ​ភ្លាម ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​មើល។ បើ​អ្នក​ខ្ជិល​ក្នុង​ការ​ធ្វើ​បែប​នេះ អ្នក​អាន​គេ​ក៏​ខ្ជិល​ទៅ​តាម​អ្នក​សរសេរ​ដែរ​បាទ។

៙ បង្កើត​ទំព័រ​ជំនួយ​សម្រាប់​ប្លក​របស់​អ្នក ៚

   ​បើ​ប្លក​អ្នក​មាន​ទំព័រ​មួយ សម្រាប់​ឲ្យ​អ្នក​អាន​គេ​ចុះ​សួរ​បាន​នោះ អ្នក​ចំណូល​ថ្មី​នឹង​ងាយស្រួល​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ប្លក។ ទំព័រ​ជំនួយ​នោះ​មាន​ប្រយោជន៍​ណាស់ នៅ​ពេល​ដែល​ពួកគេ​មាន​បញ្ហា​ណាមួយ​ដែល​ពួកគេ​អាច​ទាក់ទង​មក​កាន់​ម្ចាស់​ប្លក។ ជា​ទី​ដែល​អ្នក​អាន​និង​អ្នក​សរសេរ​ជួប​គ្នា អ្នក​គួរ​ដាក់​ឈ្មោះ​ទំព័រ​នោះ​ដូចជា "ផ្ញើ​មតិ", "ពិភាក្សា", "អ្នក​ចំណូល​ថ្មី", "ត្រូវ​ការ​ជំនួយ", "ទំនាក់ទំនង​ខ្ញុំ"។ " ។

   សង្ឃឹមថា​ចំណុច​ទាំង 5 ខាងលើ​នឹង​ជួយ​អ្នក​ឱ្យ​រក្សា​អ្នក​ចូល​ទស្សនា​ប្លក បាន​យូរ។ នេះ​គ្រាន់តែ​ជា​គំនិត​​មូលដ្ឋាន ងាយៗ ដែល​អ្នក​រាល់គ្នា​អាច​ធ្វើ​មាន​យ៉ាង​ស្រួល។ ជួប​គ្នា​ពេល​ក្រោយ​ទៀត! សូម​ជួយ​ចែករំលែក​គន្លឹះ​នេះ​ទៅ​កាន់​អ្នក​សរសេរ​ប្លក​ដែល​អ្នក​ស្គាល់​ផង​ចុះ៕

*ប្រែ​និង​ថែម​របោយ​ចេញ​ពី : Blogger Trix
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. អាឆៅម៉ុងតឺ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger